“កិច្ចព្រមព្រៀងសន្តិភាពទាំងឡាយ
ណាក៏ដោយ នឹងក្លាយទៅជាកិច្ចព្រមព្រៀង សន្តិភាពប្រសើរមួយបាន ដរាបណាកិច្ច ព្រមព្រៀងនោះ ស្របច្បាប់ និងផ្អែកទៅលើតម្លាភាព និងការប្ដេជ្ញាចិត្តដោយសុចរិត។ ប្រទេសកម្ពុជា បានក្លាយជាជនរងគ្រោះនៃសកម្មភាពខុសច្បាប់ ប្រព្រឹត្តិឡើងដោយភាគីថៃនាពេលថ្មីៗនេះ។ ដូច្នេះហើយ សហរដ្ឋអាមេរិក គឺអាចជាអ្នកសម្រប សម្រួលដ៏ប្រពៃមួយចំពោះជម្លោះនេះ ប្រសិនបើ សហរដ្ឋអាមេរិកផ្តោតការយកចិត្តទុកដាក់ និង សម្របសម្រួល ដោយផ្អែកលើគោលការណ៍ ស្មើភាពគ្នាសម្រាប់ភាគីទាំងអស់។”
ជាការក្រើនរំឭកឡើងវិញថា៖ សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងបញ្ហាសន្តិសុខរបស់ប្រទេសកម្ពុជាចាប់តាំងពី ឆ្នាំ១៩៤៦។ នៅក្នុងសម័យទំនើប ព្រំដែនរបស់កម្ពុជាត្រូវបានឈ្លានពានដោយប្រទេសថៃយ៉ាងហោចណាស់ពីរលើក៖ លើកទីមួយ គឺនៅឆ្នាំ១៧៩៥ នៅពេលដែលកម្ពុជាបាត់បង់ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តស្វាយស៊ីសុផុន ទៅឱ្យប្រទេសថៃ។ នៅឆ្នាំ១៩០៧ ទឹកដីទាំងនេះត្រូវបានបារាំងប្រគល់មកឱ្យកម្ពុជាវិញ ប៉ុន្តែនៅពេលបារាំងចាញ់នៅក្នុងសង្គ្រាមលោកលើកទី២ ហើយ គឺជាលើកដំបូង ដែលជប៉ុនបានចូលមកគ្រប់គ្រងតំបន់នេះ ប្រទេសថៃបានយកខេត្តបាត់ដំបង ខេត្តស្វាយស៊ីសុផុន ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ (ខេត្តព្រះវិហារ និងប្រាសាទព្រះវិហារ) ម្តងទៀត។ ក្នុងឆ្នាំ១៩៤៦ ក្រោមការបង្គាប់បញ្ជាពី សហរដ្ឋអាមេរិក ប្រទេសថៃបានបង្ខំចិត្តប្រគល់អតីតទឹកដីរបស់កម្ពុជា ដែលខ្លួនធ្លាប់កាន់កាប់ចាប់ពីឆ្នាំ១៩៤១ មកឱ្យបារាំង និងប្រទេស កម្ពុជាវិញ។ សន្ធិសញ្ញានេះ ត្រូវបានចុះហត្ថលេខានាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥



