DCCAM VS THAILAND:​​ ចាប់តាំងពីឆ្នាំ១៧៩៥ មក ប្រទេសថៃបានវិនិយោគ យ៉ាងច្រើនលើធនធានមនុស្ស សេដ្ឋកិច្ច និង ការទូត, ២៧ កក្កដា ២០២៥

“ចាប់តាំងពីឆ្នាំ១៧៩៥ មក ប្រទេសថៃបានវិនិយោគ យ៉ាងច្រើនលើធនធានមនុស្ស សេដ្ឋកិច្ច និង ការទូត ក្នុង គោលបំណងយកទឹកដី ដែលជា ដែនអធិបតេយ្យភាពស្របច្បាប់ របស់ប្រទេសកម្ពុជា។”
ទោះបីជាខិតខំប្រឹងប្រែងយ៉ាងណាក្ដី ភាគីថៃបានចាញ់បណ្ដឹងទាំងអស់នៅក្នុងតុលាការ និងទំនាក់ទំនងការទូតជាមួយកម្ពុជា ជាពិសេសក្នុងឆ្នាំ១៩៤៦ គឺនៅពេលដែលប្រទេសថៃត្រូវប្រគល់អតីតទឹកដីមួយផ្នែករបស់កម្ពុជាដែលខ្លួនធ្លាប់កាន់កាប់ចាប់ពី ឆ្នាំ១៩៤១ ក្រោមការបង្គាប់បញ្ជាពីសហរដ្ឋអាមេរិក មកឱ្យបារាំង និងប្រទេសកម្ពុជាវិញ។ វាហាក់ដូចជាសមហេតុផល ដែលថា ប្រសិនបើប្រទេសថៃបន្តប្រកាន់យកនូវទស្សនៈ និងការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងគោលបំណងយកទឹកដី ដែលជាដែនអធិបតេយ្យ កម្ពុជា ក្នុងអំឡុងពេលមួយសតវត្សរ៍ចុងក្រោយ ដើម្បីធានានូវផលប្រយោជន៍របស់ខ្លួននោះ ថៃនឹងបន្តនូវសកម្មភាពដដែលៗនេះ ក្នុងរយៈពេលរាប់រយឆ្នាំទៅមុខទៀត។ ប្រសិនបើអតីតកាលគឺជាចំណុចចាប់ផ្តើម ប្រជាជនខ្មែរត្រូវតែអានប្រវត្តិសាស្ត្រ ដើម្បី ស្វែងយល់ក្នុងការត្រៀមខ្លួនជាស្រេចចំពោះហានិភ័យនាពេលអនាគត ខណៈដែលប្រជាជនខ្មែរមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុង
ពេលបច្ចុប្បន្ននេះ។

បន្ទាប់ពីសង្គ្រាមនិងអំពើប្រល័យពូជសាសន៍ដែលកើតមានជាច្រើនទសវត្សរ៍កន្លងមក ប្រទេសកម្ពុជាត្រូវចាប់ផ្តើមវិនិយោគលើ ធនធានមនុស្សឱ្យបានស្របគ្នាដូចទៅនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងនយោបាយ ដើម្បីតតាំងប្រកបដោយប្រសិទ្ធភាពចំពោះការ តាំងចិត្តរបស់ប្រទេសថៃ ក្នុងការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ជម្លោះ ក៏ដូចជាការឈ្លានពាន។

ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥